ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
ពន្ធអចលនទ្រព្យ គឺជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
កាតព្វកិច្ច
អ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យទាញយកទម្រង់សម្រាប់បំពេញនៅលើគេហទំព័រពន្ធដារ https://www.tax.gov.kh/ ឬអាចយកដោយផ្ទាល់នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌដោយឥតគិតថ្លៃ។អចលនទ្រព្យដែលមានតម្លៃតិចជាង១០០លានរៀលពុំមានកាតព្វកិច្ចចុះបញ្ជីទេ។
ឯកសារភ្ជាប់សម្រាប់មកចុះបញ្ជីអចលនទ្រព្យមានដូចជា៖
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន
សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
បណ្ណសម្គាល់កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនវត្ថុ
ក្នុងករណីអចលនទ្រព្យទិញបង់រលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់ជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់
បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានមករដ្ឋបាលសារពើពន្ធ ប្រសិនបើមានការផ្លាស់ប្តូរដូចខាងក្រោម៖
ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
អចលនទ្រព្យត្រូវបំបែកលក់ ឱ្យជាអំណោយ
មូលដ្ឋានគិតពន្ធ
ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា០,១% នៃមូលដ្ឋានគិតពន្ធ។
មូលដ្ឋានគិតពន្ធ គឺជាតម្លៃ៨០% តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០រៀល។
តម្លៃអចលនទ្រព្យត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់= [(តម្លៃអចលនទ្រព្យX ៨០%)- ១០០,០០០,០០០រៀល]X ០,១%
ការលើកលែងពន្ធ
អចលនទ្រព្យដែលជាកម្មសិទ្ធិ របស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសបរទេស
ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់ និងជាអចិន្រ្តៃយ៍ដល់សកម្មភាពកសិកម្ម
អចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ
ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់
អចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ